http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Wednesday, December 30, 2015

ពូ វាសនា និយាយពីក្មួយរបស់គាត់ ៖
ពួកវាកាន់សាសនាមូស្លីម ឆ្នាំនេះម្នាក់ស្រីបងអាយុ១៣ឆ្នាំហើយ ប្រុសកណ្តាលអាយុ១០ឆ្នាំ ឯប្រុសពៅគេអាយុ៨ឆ្នាំ។ ខ្ញុំសួរវាថាបើវាលង់ទឹក មានតែសត្វជ្រូកមកជួយពួកក្មួយ តើក្មួយគិតយ៉ាងម៉េច? ពួកវាឆ្លើយថា សុខចិត្តស្លាប់ក៏មិនអោយជ្រូកជួយដែរ។ ខ្ញុំសួរវាថាហេតុអ្វីក្មួយហូបសាច់ជ្រូកមិនបាន ហើយអ៊ំហូបសាច់ជ្រូកបាន? វាឆ្លើយថា ព្រោះអ៊ំកាន់ព្រះពុទ្ធ ខ្ញុំជាមូស្លីម ។ ខ្ញុំប្រាប់វាថា តែអ៊ំជាមនុស្ស ក្មួយក៏ជាមនុស្សដែរ ហេតុអីអ៊ំហូបសាច់ជ្រូកបាន ម្តេចក៏ក្មួយហូបមិនបាន យើងជាមនុស្សដូចតែគ្នាតើ? វាឆ្លើយតែដដែល មនុស្សដូចគ្នាមែន តែអ៊ំកាន់ព្រះពុទ្ធ ខ្ញុំជាមូស្លីម ។ ពិតជាយល់គ្នាមិនបានមែនហ្ន!។ ណ្ហើយពួកវានៅក្មេងណាស់ ទុកវាមួយអន្លើសិនចុះ តែអាណិតក្មួយណាស់ មិនអាចចោលក្មួយបានទេ ត្រូវតែសង្គ្រោះក្មួយអោយបាននៅថ្ងៃណាមួយ។ ខ្ញុំស្ទង់ទៅអារម្មណ៍ពួកវាវាហាក់ដូចជាមានការបារម្ភខ្លាចខ្ញុំបញ្ចុះបញ្ចូលវាអោយចេញពីមូស្លីម ចូលមកព្រះពុទ្ធ គឺវាប្រុងជើងការរហូត មានការអីដែលវាសង្ស័យបន្តិចទាក់ទងនឹងរឿងសាច់ជ្រូក ឬសាសនានេះវាឈប់និយាយខ្មែរភ្លាម វានិយាយម៉ាឡេទៅកាន់បងស្រីវាដើម្បីពិគ្រោះយោបល់ វាមិនចង់អោយខ្ញុំដឹងថាវានិយាយ ឬសួរគ្នារឿងអី អញ្ចឹងបានជាវានិយាយម៉ាឡេដើម្បីកុំអោយខ្ញុំស្តាប់បាន។ ឱក្មួយអើយក្មួយៗ ពិតជាមិនយល់ចិត្តអ៊ំចំពោះក្មួយទេ ក្មួយទុកចិត្តបងស្រីក្មួយជាងអ៊ំ នេះជាអារម្មណ៍ក្មួយ។ អ៊ំមើលយល់អារម្មណ៍នេះ អ៊ំខ្លោចចិត្តណាស់ អ៊ំមិនយកក្មួយចេញពីជំនឿមួយ មកចូលក្នុងជំនឿមួយទៀតទេ អ៊ំមិនយកក្មួយចេញពីភាពងងឹតមួយ មកចូលក្នុងភាពងងឹតមួយផ្សេងទៀតទេ អ៊ំនឹងរំដោះក្មួយអោយចេញពីភាពងងឹតទាំងឡាយ។ ប្អូនប្រុសជីដូនមួយខ្ញុំ នៅជាមួយខ្ញុំតាំងពីវាកើតមកភ្លាមរហូតដល់វាមានគ្រួសារបែកពីខ្ញុំទៅ មនោសញ្ចេតនារបស់អ៊ំចំពោះឪពុកក្មួយ ជាមនោសញ្ចេតនាបងប្អូនបង្កើត ក្មួយមិនយល់ចិត្តអ៊ំទេ។ ប្អូនប្រុសជីដូនមួយខ្ញុំរៀបការនឹងកូនស្រីចាមនៅម៉ាឡេ ឥឡូវប្អូនប្រុសខ្ញុំស្លាប់បាត់ហើយដោយរោគមហារីកថ្លើម គិតមកដល់ពេលនេះប្រហែលប្រាំឆ្នាំហើយ បន្សល់ទុកកូនកំព្រាបីនាក់នេះ ស្រីបង និងប្រុសពីរនាក់ជាប្អូន។ ពេលបានមកជួបខ្ញុំ វាខ្លាចខ្ញុំណាស់ ហើយវាខំយកចិត្តខ្ញុំណាស់ ក្នងចិត្តក្មេង វាខ្លាចយើងចាត់ទុកវាជាក្មួយធម្មតា ជួបក៏ជួបទៅ មិនមកជួបក៏មិននឹកនាដល់ទៅព្រោះពួកវាកើតនិងរស់នៅម៉ាឡេឯណោះ។ វាខំយកចិត្តធ្វើម៉េចអោយយើងស្រឡាញ់វាអោយបានជិតស្និទ្ធនឹងយើង បើម្តាយវាឬបងប្អូនខាងពួកវាមកពីម៉ាឡេគឺវាធម្មតាមិនខ្លាចចិត្តអីទេហើយក៏មិនប្រឹងយកចិត្តអីដែរ តែយើងវិញ វាខំយកចិត្តយើងណាស់ដូចថាយើងមិនមែនជាអ៊ំវាដែលជាក្រុមគ្រួសារវាអញ្ចឹង។ ពិតជាខ្លោចចិត្តណាស់ វាមិនយល់ចិត្តយើង ថាយើងស្រឡាញ់អាណិតវាប៉ុណ្ណាទេ អត់ពីឪពុកក្មួយគឺអ៊ំនេះហើយជាឪពុក្មួយនោះ។ គិតទៅក្មេងកំព្រាឪពុក ពិតជាមានអារម្មណ៍គ្មានអាងមែនហ្ន។ រិតតែយល់ចិត្តវា រិតតែខ្លោចផ្សានឹងក្មួយ។ ម្តាយពួកវានៅម៉ាឡេ ធ្វើការបានមួយរស់យ៉ាងកំសត់។ ប្អូនស្រីខ្ញុំចេញថ្លៃសំបុត្រយន្តហោះអោយពួកវាទាំងបីមកលេងស្រុកខ្មែរជារៀងរាល់ឆ្នាំពេលពួកវាវ៉ាកង។ ពួកវាវ៉ាកងរាល់ឆ្នាំចាប់ពីថ្ងៃ២១ខែ១១រហូតដល់ដើមខែមករា។ ម្តាយពួកវា ខំទិញខោអាវថ្មីៗស្បែកជើងថ្មីៗអោយពួកវាស្លៀកពាក់មកលេងអ៊ំនៅស្រុកខ្មែរ តែខ្ញុំមើលអាវខោទាំងនោះស្គាល់ច្បាស់ណាស់ ជាខោអាវថោកៗព្រោះវាគ្មានលុយទិញរបស់ល្អអោយកូនទេ។ យល់ដល់ស្ថានភាពពួកវា ពិតជាអាណិតក្មួយណាស់។នឹកដល់រឿងជំនឿរបស់ពួកវាទៀត រិតតែអាណិតពួកវាថែមទៀត។ មនុស្សអើយមនុស្សងងឹតអីក៏ងងឹតយ៉ាងនេះ។ អ៊ំអាចហូបសាច់ជ្រូកបានព្រោះអ៊ំកាន់ព្រះពុទ្ធ ខ្ញុំូហូបមិនបានទេ ព្រោះខ្ញុំជាមូស្លីម។ តែយើងជាមនុស្សដូចតែគ្នាតើក្មួយ មនុស្សដូចគ្នាមែនតែអ៊ំកាន់ព្រះពុទ្ធ ខ្ញុំជាមូស្លីម។ ទៅមកៗនៅតែប៉ុណ្ណឹង។ យើងជាខ្មែរយើងត្រូវចេះស្រឡាញ់ខ្មែរ ត្រូវចេះលើកតំកើងខ្មែរគ្នាឯង។ ចុះគេជាតិសាសន៍ផ្សេង ពួកគេក៏ជាមនុស្សដែរហេតុអីយើងមិនស្រឡាញ់គេ លើកតំកើងគេផង? ចំលើយ: គេជាមនុស្សមែន តែគេមិនមែនសាសន៍ខ្មែរយើងទេ។ ចុះគេក៏ជាមនុស្សរស់លើផែនដីជាមួយនឹងយើងដែរតើ ។ ជាមនុស្សរស់លើផែនដីជាមួយនឹងយើងមែន តែគេមិនមែនសាសន៍ខ្មែរយើងទេ។ ហេតុអ្វីអ្នកឯងមិនគិតដល់សុខទុក្ខខ្មែរដទៃទៀតផង ម្តេចគិតតែកេងពីខ្មែរផ្សេងទៀត យកមកអោយតែក្រុមគ្រួរសារខ្លួនអញ្ចឹង គេក៏ជាខ្មែរដូចយើងដែរណា។ ជាខ្មែរដូចគ្នាមែន តែគេមិនមែនជាក្រុមគ្រួសារខ្ញុំទេ។ តែគេក៏ជាមនុស្សហើយជាខ្មែរដូចយើងដែរណា។ មនុស្សមែន ខ្មែរមែនប៉ុន្តែគេមិនមែនជាក្រុមគ្រួសារខ្ញុំទេ។ អ្នកណាយកសាសនាមកពាក់អោយពួកយើង? អ្នកណាគូសព្រំសីមាខ័ណ្ឌចែកផែនដីអោយពួកយើងបែកគ្នា? អ្នកណាបង្កើតប្រពៃណីទំនៀមទំលាប់អោយពួកយើងកាន់ផ្សេងគ្នា ធ្វើអោយពួកយើងលែងមានអារម្មណ៍ថាពួកយើងជាមនុស្សដូចតែគ្នា ត្រូវការអាហារហូបចុកដូចតែគ្នា ត្រូវការស្រណុកសុខស្រួលដូចតែគ្នា ឈឺចាប់នៅពេលមានទុក្ខមកដល់ដូចតែគ្នា ចុងក្រោយលាចាកលោកនេះទៅតែខ្លួនទទេដោយគ្មានរើសអើងថាជាជនជាតិអី ជាអ្នកកាន់សាសនាអី អ្នកមានឋានៈតួនាទីអីដូចតែគ្នាហ្នឹង។ នេះហើយជីវិតដឹកមុខដោយកំលៅនៃតណ្ហា ពិតជាសង្វេគនឹងជីវិតទាំងឡាយនៅលើលោកសន្និវាសយើងនេះណាស់៕
ក្តីសុបិនរបស់ពួកយើង វានឹងកើតមានយ៉ាងប្រាកដដោយកណ្តាប់ដៃពួកយើង។

បើច្បាស់យ៉ាងហ្នឹងម៉េចមិនហ៊ានចេញមុខសោះអញ្ចឹងហ្ន! ខ្មែរស្លូតត្រង់ ត្រឹមត្រូវ ជួយជាតិពិតប្រាកដ ងាប់ដោយស្នាដៃពូជលាបពណ៌បែបនេះ ច្រើនជំនាន់មកហើយ។ ក្រុមនេះអាចជាបរទេសខាងកើតដែលចេះនិយាយខ្មែរច្បាស់ផងក៏ថាបាន។ វាមិនចង់អោយខ្មែរយល់ត្រូវបានសុខនោះទេ វាចង់ទុកអោយខ្មែរល្ងង់ ស្រួលវាបោកវាកេង វាជញ្ជក់។ ក្នុងសមរភូមិបដិវត្តន៍នេះ ការកំណត់មុខសញ្ញអ្នកណាជាមិត្ត អ្នកណាជាសត្រូវគឺជារឿងសំខាន់ស្លាប់រស់។ វាលាបពណ៌សំលាប់ខ្មែរដែលជួយជាតិ ហើយ វាបានឈ្មោះជាមនុស្សល្អទៀត។ ខ្មែរអើយ ខ្មែរ អ្នកកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ណាស់។ បរទេសបន្លំធ្វើខ្មែរក្នុងបំណងទុច្ចរិត បំផ្លាញខ្មែរយើង។ គ្មានអ្នកណាអាចជួយអ្នកបានក្រៅពីបញ្ញាខ្លួនអ្នកទេ។ បើស្តាមិនទាន់ទេ ហួសពេលជារៀងរហូតហើយ។ បើអ្នកមើលមិនទាន់ទេ មើលមិនយល់ទេ នោះអ្នកមុខតែសំលាប់មិត្ត សំលាប់អ្នកជួយ ហើយអ្នកគាំទ្រលើកដំកើងសត្រូវបំផ្លាញអ្នកហើយ។ សង្វេគខ្មែរណាស់ ! ! !

អ្នកនយោបាយល្អ គ្មានទីសម្រាប់ឈរទេ បើប្រជាពលរដ្ឋនៅតែល្ងង់។

ចំណងដែលចង សមាជិកគ្រួសារសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមែនជាចំណងក្នុងនាមជាបងប្អូនរួមផ្ទៃ តែវាជាចំណងនៃការងារ បំរើមនសិការ ចំណងនៃការងារបំរើមនោសញ្ចេតនាពូជសាសរបស់ពួកយើង និងចំណងការងារបំរើឧត្តមគតិ។ ការបង្កើតអោយបាននូវសង្គមគ្រួសារដែលមានលក្ខណៈបែបនេះ វាមិនត្រឹមតែអាចផ្តល់ភាពសុខសាន្តក្នុងចំណោមសង្គមជាតិរបស់ខ្មែរប៉ុណ្ណោះទេ វាថែមទាំងបន្សាបនូវមនោគមវិជ្ជាដែលរៀបចំដោយបរទេសក្នុងបំណងបំបែកបំបាក់ ដើម្បីគ្រប់គ្រងខ្មែរ៕

No comments:

Post a Comment