http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Sunday, February 21, 2016


Veasna Khem added 4 new photos.
7 hrs
ពេលខ្ញុំធ្វើអ្វីមួយមិនកើត ខ្ញុំតែងតែគិតដល់ការតស៊ូរបស់ជនជាតិអីុស្រាអែល ម្តេចជនជាតិនេះធ្វើកើត ម្តេចអញធ្វើមិនកើត នឹកដល់ត្រង់នេះ ចិត្តចង់ឈ្នះឧបសគ្គនោះបានកើតមានឡើង អញត្រូវតែធ្វើអោយកើត មិនត្រូវចុះចាញ់នឹងបញ្ហាទេ។ ចាប់ផ្តើមពង្រីកស្រះបន្ថែមប្រភពទឹកអោយធំ ដើម្បីធ្វើអោយចំការទាំងមូលគ្របដណ្តប់ដោយពណ៌បៃតង ទោះជាកំពុងស្ថិតក្នុងរដូវប្រាំងក៏ដោយ។ ក្មួយៗLDPចូលរួមចំណែកក្នុងកិច្ចនេះច្រើនណាស់ បើគ្មានពួកគេទេ ខ្ញុំមិនអាចសំរេចការងារនេះបានទេ ស្រណោះចិត្តពួកគេខ្លាំងណាស់ ជោគជ័យទាំងឡាយរបស់ខ្ញុំនៅចំការ ផ្សាភ្ជាប់មិនដាច់ពីការខិតខំរបស់ពួកគេទេ សុផុន ម្ចាស់អេស្កា ប្រឹងខ្លាំងណាស់ក្នុងការច្នៃប្រឌិតដើម្បីពង្រីកស្រះទឹកនេះ។ សរសើរចិត្តក្មួយណាស់ ។ រដូវប្រាំងឆ្នាំនេះចាប់ផ្តើមលឿនជាងឆ្នាំមុន ហើយរដូវវស្សាដែលនឹងមកដល់នាឆ្នាំនេះ ត្រូវមកយឺតជាងធម្មតា ទឹកពិតជាបញ្ហាមួយដែលត្រូវតែគិតគូដោយយកចិត្តទុកដាក់បំផុត។

កាលណាអ្នកធ្វើការងារដែលជាប្រយោជន៍ផ្ទាល់ខ្លួន សូមអ្នកគិតដល់សីលធម៌ បើអ្នកធ្វើការងារសប្បុរស សូមអ្នកគិតដល់តំលៃនៃការងារនោះ។ ជួយមនុស្សដែលអត់តំលៃគឺគ្រាន់តែជាការងារឆោតល្ងង់របស់អ្នកជួយតែប៉ុណ្ណោះ។


មនុស្សទាំងអស់ក្នុងលោក គ្មានកំហុសព្រោះកើតមកជាពូជសាសន៍អ្វីនោះទេ គ្មានកំហុសព្រោះពណ៌សប្បុរស្បែករបស់ពួកគេនោះទេ គ្មានកំហុសព្រោះរូបរាងមិនស្អាតរបស់ពួកគេនោះទេ គ្មានកំហុសព្រោះត្រកូលតូចទាបឬត្រកូលថោកទាបរបស់ពួកគេនោះទេ គ្មានកំហុសព្រោះពិការភាពរបស់ពួកគេនោះទេ គ្មានកំហុសព្រោះភេទប្រុសស្រីឬខ្ទើយរបស់ពួកនោះឡើយ។ តំលៃពួកគេស្ថិតនៅលើការងាររបស់គេតែប៉ុណ្ណោះ។ អោយតែគេបានចូលរួមចែករំលែកសុខទុក្ខនឺងពិភពលោក និងបានធ្វើចំណែកអោយពិភពលោករីកចំរើន នោះពួកគេនឹងត្រូវតែទទួលបានចំនែកសោយផលពីធម្មជាតិនេះវិញដែរ ព្រមទាំងត្រូវបានទទួលនូវការ ការពារអោយផុតពីការធ្វើបាបនិងការមើលងាយពីប្រភពណាមួយផងដែរ។


ខ្ញុំអាចនឹងធ្វើខុសចិត្តមនុស្សច្រើនប៉ុន្មាននាក់ក៏ដោយ ខ្ញុំនឹងមានអារម្មណ៍ថាធម្មតាក្នុងករណីនេះ បើមនសិកាខ្ញុំប្រាប់ខ្ញុំថាការសំរេចចិត្តផ្ទុយពីគេទាំងអស់នោះជាការត្រឹមត្រូវ តែខ្ញុំមិនអាចធ្វើខុសនឹងមនសិការបស់ខ្ញុំបានឡើយ។ ខ្ញុំត្រូវបានមនុស្សខ្លះស្នើអោយបើកទ្វាLDP ដើម្បីទទួលយកមនុស្សល្បីៗក្នុងសង្គមខ្មែរមួយចំនួន អោយចូលមកក្នុងLDP។ គេបានចាត់ទុកថាគួរអោយសប្បាយនិងមោទនភាពណាស់ដែល LDP បានពួកអស់លោកល្បីៗក្នុងសង្គមខ្មែរទាំងនោះមកចូលក្នុងLDP យើង។ តែសំរាប់មនសិកាខ្ញុំៗមើលមិនឃើញថានោះគឺជាធនធានមនុស្សដែលLDPត្រូវការទាល់តែសោះ និយាយអោយស្រួលស្តាប់ថា ខ្ញុំមើលមិនឃើញថាអ្នកល្បីទាំងនោះជាមនុស្សមានតំលៃសំរាប់ចលនាបដិវត្តន៍បែបLDPទាល់តែសោះ។គេប្រាប់ខ្ញុំថាយើងប្រមូលអស់លោកល្បីនោះបានយើងនឹងឆាប់ឈ្នះ។ ខ្ញុំសួរខ្លួនឯងថា តើឈ្នះអី? បើគ្រាន់តែឈ្នះឆ្នោត តែឈ្នះដូចដែលLDP ចង់កសាងសំរាប់សង្គមខ្មែរមិនបាន តើនោះជាជ័យជំនះពិតសំរាប់ពលរដ្ឋខ្មែរទូទៅដែរឬទេ?ម្យ៉ាងទៀតទោះLDPផ្តុំចូលគ្នាជាមួយពួកអស់លោកល្បីៗទាំងនោះ ក៏ខ្ញុំមើលមិនឃើញថានឹងឈ្នះឆ្នោតភ្លាមៗដូចពួកគេបានប្រមើលមើលនោះដែរ។ លើសពីនេះទៀត ខ្ញុំច្បាស់ណាស់ថា យើងនឹងមិនអាចធ្វើការងារជាមួយគ្នាកើតទេ រឿងធំបំផុតគឺពួកគេជាមនុស្សដែលមិនឈ្នះខ្លួនឯង នៅចង់បានមុខមាត់ ចាញ់ឆ្នោតខ្លាចខ្មាស់គេ ដែលសុទ្ធតែជាកិលេសក្នុងរឿងផ្ទាល់ខ្លួនដូចតែគណបក្សដទៃទៀតដែរ។ ព្រោះតែចង់បានមុខមាត់នេះហើយ គេអាចនឹងដើរខុសពីបាតគ្រឹះសុច្ចរិតដែលជាអត្តសញ្ញាណដាច់ដោយឡែកខុសពីគណបក្សដទៃទៀត របស់LDP ហើយវាក៏មិនមែនជាសកម្មភាពរបស់បុគ្គលដែលមានទឹកចិត្តជួយដែរ។ គេនឹងវង្វេងលើមាគា៌នយោបាយរបស់ពួកគេ។ គេបានប្រាប់ខ្ញុំទៀតថាខ្ញុំអាចអោយយោបលពួកគេក្នុងន័យកែលំអពួកគេនោះបណ្តើរៗដើម្បីអោយចូលមកក្នុងគន្លងធនធានមនុស្សដែលLDPត្រូវការ ខ្ញុំសើច ប្រាប់គេវិញថា មនុស្សដែលលោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនដែលជាសារជាតិកំនើតបែបនេះ កែមិនចេញទេ បើខ្ញុំអោយយោបលពួកគេ គឺខ្ញុំនឹងអោយយោបលថាសូមអ្នកឈប់ធ្វើនយោបាយទៅ កំនើតរបស់អ្នកមកលើផែនដីនេះ ដាច់ខាតមិនមែនជាកំនើតអ្នកនយោបាយទេ ទោះប្រឹងយ៉ាងណាក៏អ្នកមិនអាចក្លាយជាអ្នកនយោបាយបានដែរ ហាហាហា។ ជាចុងក្រោយខ្ញុំក៏សំរេចចិត្តថា មិនបើកទ្វារLDP ស្វាគមន៍អស់លោកអ្នកល្បីៗទាំងនោះឡើយ។ ការសំរេចចិត្តបែបនេះហើយដែលអ្នកខ្លះចោទខ្ញុំថាជាជនល្មោភអំណាច ផ្តាច់ការ ចិត្តចង្អៀត មិនសក្តិសមជាអ្នកដឹកនាំឡើយ។ ខ្ញុំក៏លួចប្រាប់ខ្លួនឯងថា ខ្ញុំអាចនឹងធ្វើខុសចិត្តមនុស្សច្រើនប៉ុន្មាននាក់ក៏ដោយ ខ្ញុំនឹងមានអារម្មណ៍ថាធម្មតាក្នុងករណីនេះ បើមនសិកាខ្ញុំប្រាប់ខ្ញុំថាការសំរេចចិត្តផ្ទុយពីគេទាំងអស់នោះជាការត្រឹមត្រូវ តែខ្ញុំមិនអាចធ្វើខុសនឹងមនសិការបស់ខ្ញុំបានឡើយ៕


មនុស្សច្រើនណាស់មិនស្គាល់ថាអ្វីជាតំលៃរបស់មនុស្សឡើយ បើទុកជាមនុស្សខ្លះក្នុងចិត្តពួកគេបានទទួលស្គាល់ថានោះគឺជាតំលៃហើយក៏មាត់និងការងារផ្សេងទៀតរបស់ពួកគេនៅតែមិនព្រមទទួលថានោះគឺជាតំលៃរបស់មនុស្សដែរ ព្រោះបើទទួលស្គាល់ថានោះគឺជាតំលៃរបស់មនុស្ស ស្មើនឹងព្រមទទួលថាខ្លួនហ្នឹងជាមនុស្សគ្មានតំលៃអញ្ចឹង។ ក្នុងករណីេនះ បើការរក្សាតំលៃជាមនុស្សនោះ មិនមែនជាសារជាតិរបស់យើងទេនោះ យើងមុខតែត្រូវមជ្ឈដ្ឋានជុំវិញរូញច្រានអោយទំលាក់ចោលការងារជាតំលៃដែលយើងយល់ថាត្រូវនោះចោលជាក់ជាមិនខានឡើយ។


ពេលវេលាមិនរង់ចាំអ្នកណាទេ ពេលវេលារំកិលទៅមុខជានិច្ច ពេលវេលាធ្វើអោយវត្ថុក្នុងលោកនេះពុកផុយបាន ពេលវេលាអាចលុបស្នាមលើរបស់អ្វីសព្វយ៉ាងបាន តែពេលវេលាអ្នកមិនអាចលុបស្នាមអានុស្សាវរីយ៍អតីតកាលរបស់ខ្ញុំបានទេ។


នេះជាកំហុសសុចរិត វាជាប្រភេទកំហុសស្រាលបំផុត។

អោយខ្ញុំស្លាប់ចុះ បើខ្ញុំដឹងថាខ្លួនជាបន្ទុករបស់អ្នកដទៃ។

ការអនុវត្តន៍ច្បាប់អាចត្រូវបានអនុវត្តន៍ទៅលើមនុស្សគ្រប់គ្នាបាន លុះត្រាតែគ្រប់បុគ្គលជាពលរដ្ឋក្នុងសង្គមមួយ ពីពលរដ្ឋធម្មតារហូតដល់មនុស្សកាន់ការកំពូលនៃប្រទេសនោះគឺនាយករដ្ឋមន្ត្រីឬប្រធានាធិបតី ពុំមានកំលាំងធំជាងយន្តការរបស់ច្បាប់។ បើអំណាចប្រមូលផ្តុំទៅលើបុគ្គលណាមួយក្នុងប្រទេសនោះ នោះច្បាប់មិនអាចអនុវត្តន៍បានទៅលើគ្រប់មនុស្សបានឡើយ ជាពិសេសគឺបុគ្គលដែលមានអំណាចប្រមូលផ្តុំនោះឯង ហើយពេលនោះការរំលោភច្បាប់ច្បាស់នឹងកើតមានឡើងនៅក្នុងប្រទេសនោះដោយចៀសមិនផុតឡើយ។ ច្បាប់ចំពោះបុគ្គលដែលមានអំណាចប្រមូលផ្តុំ លែងមានតំលៃជាច្បាប់ទៀតហើយ គឺវាគ្រាន់តែជាក្រមសីលធម៌មួយដែលបុគ្គលដែលមានអំណាចប្រមូលផ្តុុំនោះ ចង់គោរពឬមិនគោរពវាអាស្រ័យទៅលើឆន្ទ:របស់បុគ្គលនោះតែប៉ុណ្ណោះ។ ស្ថានភាពបែបនេះ វាជាស្ថានភាពអាក្រក់និងគ្រោះថ្នាក់បំផុតសំរាប់ពលរដ្ឋសាមញ្ញនៃប្រទេសនោះ។ បើប្រទេសអ្នកជួបស្ថានភាពអាក្រក់បែបនេះហើយៗបើពលរដ្ឋក្នុងប្រទេសនោះដេកចាំអោយបុគ្គលដែលជាអ្នកកាន់អំណាចប្រមូលផ្តុំមានឆន្ទៈនឹងផ្លាស់ប្តូរឬកែសំរួលប្រព័ន្ធដឹកនាំប្រទេស ដើម្បើកុំអោយមានមនុស្សដែលមានអំណាចធំជាងយន្តការច្បាប់អាចរំលោភច្បាប់បាន នោះជាក្តីស្រមៃមួយដែលស្ទើរតែមិនអាចនឹងបានសំរេចទាល់តែសោះក្នុងភាពជាក់ស្តែង។ ជំរើសដែលប្រសើរ មានតែប្រជាពលរដ្ឋនៃប្រទេសនោះ ប្រមូលកំលាំងគ្នាបង្កើតជាចលនានយោបាយមួយដែលគោលនយបាយនៃចលនានយោបាយនោះ គឺសំដៅទៅរៀបចំកាត់បន្ថយប្រព័ន្ធដែលប្រមូលផ្តុំអំណាចនោះតែប៉ុណ្ណោះ ទើបអំណាចច្បាប់អាចអនុវត្តន៍ទៅគ្រប់មនុស្សក្នុងសង្គមនោះបាន។

ពិបាកយល់បន្តិចតែជារឿងដែលមនុស្សត្រូវតែយល់ដើម្បីរៀបចំជីវិតក្នុងបច្ចុប្បន្នអោយនៅក្នុងផ្លូវដែលត្រឹមត្រូវ។

ការផ្លាស់ប្តូរមិនអាចធ្វើតែឯងឬដោយក្រុមតូចមួយបានទេ។ នេះជាសង្គមដែលពួកគេចង់អោយពួកយើងរស់នៅក្នុង បើពលរដ្ឋទូទៅគាត់សំរេចចិត្តថាសុខព្រមនឹងការរស់នៅក្នុងសង្គមបែបនេះ នោះជាសិទ្ធិសំរេចរបស់ពួកគាត់ហើយ យើងភាគតិចមិនអាចបដិសេធការសំរេចរបស់ពលរដ្ឋម្ចាស់ប្រទេសភាគច្រើនបានទេ។ ពួកគេប្រព្រឹត្តអំពើអយុត្តិធម៌យ៉ាងព្រហើនបែបនេះ មកពីគេយល់ថាវាគ្មានជាបញ្ហាអីធំដុំប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋម្ចាស់ប្រទេសភាគច្រើនទេ។ នេះជាការប្រមាថមួយ តែគន្លឹះសំខាន់មិននៅលើពួកគេអ្នកប្រព្រឹត្តរឿងថោកទាបអយុត្តិធម៌មកលើពួកយើងនោះទេ គន្លឹះសំខាន់គឺនៅត្រង់តើយើងសំងំស្ងៀមធ្វើមិនដឹងមិនឮចំពោះភាពអយុត្តិធម៌ដែលពួកគេបានធ្វើមកលើជនទន់ខ្សោយនៅក្នុងសង្គមនេះដែរឬទេ។ បើយើងសំងំយករួចតែខ្លួន នោះការប្រមាថមើលងាយរបស់ពួកអ្នកប្រព្រឹត្តអំពើអយុត្តិធម៌មកលើពួកយើងនោះ វាសក្តិសមពេកណាស់ហើយ។ នេះមិនមែនជារឿងអយុត្តិធម៌ចំពោះLDPទេ តែវាជារឿងប្រមាថដល់ពលរដ្ឋខ្មែរទូទាំងប្រទេស។ តើយើងចង់រស់នៅក្នុងសង្គមដែលគេផ្តល់អោយយើងតាមការចង់បានរបស់គេឬយើងចង់រស់នៅក្នងសង្គមដែលពួកយើងចង់បាន? វាគឺជាការសំរេចចិត្តរបស់ពរដ្ឋខ្មែរហើយ។

ត្រូវរំលឹកខ្លួនឯងជារឿយៗថា ឈាមអ្នកបដិវត្តន៍មិនស្រក់ទឹកភ្នែកចំពោះទុក្ខលំបាក ចំពោះឧបសគ្គ ឬចំពោះភាពអយុត្តិធម៌ដែលខ្លួនបានទទួលឡើយ ត្រូវប្រាប់ខ្លួនឯងថា រឿងបែបនេះជារឿងធម្មតាខ្លាំងណាស់សំរាប់ដំណើរការបដិវត្តន៍មួយ។ ទោះយ៉ាងណាក៏ពួកយើងគ្រាន់បើជាងជនរងគ្រោះផ្សេងទៀតក្នុងសង្គមខ្មែរយើងដែរ យើងនៅមានក្រុមគ្រួសារដ៏ធំរបស់យើង នៅរួមសុខទុក្ខជាមួយយើង វាគ្រាន់ជាងពលរដ្ឋទន់ខ្សោយក្នុងសង្គមខ្មែរយើងផ្សេងទៀត ដែលត្រូវពួកអ្នកមានលុយ មានអំណាចរំលោភបំពាន យកដីធ្លី ផ្ទះសំបែង ដែលពួកគាត់ត្រូវស្រែកទ្រហោយំដោយឈឺផ្សាជាមួយក្រុមគ្រួសារដ៏តូចនិងដ៏កំសត់របស់ពួកគាត់ តែគ្រួសារLDPយើង មានសមាជិកគ្រួសារច្រើនណាស់ដែលកំពុងតែចូលរួមសុខទុក្ខជាមួយយើង។ ពួកយើងជាគ្រួសារតែមួយ ពួកយើងមិនអាចចោលសមាជិកគ្រួសារយើងបានទេ យើងនឹងចូលរួមសុខទុក្ខជាមួយគ្រួសារយើង ទៅតាមសមត្ថភាពនិងលទ្ធភាពគ្រួសារយើង។ ក្នុងបរិយាកាសសង្គមដ៏អយុត្តិធម៌ដែលឥទ្ធិពលលុយនិងទ្ធិពលនៃអំណាចកំពុងសន្ធប់សង្គមរស់នៅរបស់ពួកយើងយ៉ាងជុំជិតបែបនេះ គ្រួសារយើងពិតជាមិនមានសមត្ថភាពរកយុត្តិធម៌ពេញេលេញមួយអោយដល់សមាជិកគ្រួសារយើងដែលរងគ្រោះទេ តែយើងមានសមត្ថភាពនិងលទ្ធភាពពេញបរិបូរណ៍ក្នុងរឿងហិរិញ្ញវត្ថុដើម្បីទំនុកបំរុងសមាជិកគ្រួសារយើងដែលរងគ្រោះ ហើយការទំនុកបំរុងនេះទៀតសោត មិនមែនធ្វើតែក្នុងរយ:ពេលខ្លីមួយឡើយ តែយើងនឹងទំនុកបំរុងមិត្តរួមមនោសញ្ចេតនារបស់យើងរហូតដល់មិត្តរបស់យើង រឹងដៃរឹងជើងអាចដើរដោយខ្លួនឯងបាន។ ត្រង់ណាដែលថាស្ថានភាពជនរងគ្រោះដែលជាសមាជិកគ្រួសារយើង មានស្ថានភាព គួរអោយសង្វេកប្រហែលនឹងពលរដ្ឋរងគ្រោះដោយការរំលោភបំពានក្នុងសង្គមខ្មែរយើងនោះ? ដូច្នេះគ្មានអ្វីត្រូវស្រក់ទឹកភ្នែកចំពោះហេតុការណ៍ដ៏អយុត្តិធម៌នេះទេ។ ជាកូនប្រុសផង ជាឈាមអ្នកបដិវត្តន៍ផង យើង ត្រូវតែជាជំហរយ៉ាងរឹងមាំសំរាប់សង្គ្រោះជនរងគ្រោះដ៏គួរអោយសង្វេគដែលកំពុងត្រូវសភាវៈអាក្រក់ជិះជាន់រំលោភបំពាន បោកប្រាស់យ៉ាងព្រៃផ្សៃនោះ។យើងតែងតែមានអារម្មណ៍ស្រក់ទឹកភ្នែកចំពោះមនោសញ្ចេតនា តែយើងគ្មានទឹកភ្នែកស្រក់ចំពោះការលំបាកនិងភាពអយុត្តិធម៌ដែលសភាវអាក្រក់បានធ្វើមកលើយើងឡើយ រឿងរ៉ាវដ៏អយុត្តិធម៌ទាំងនោះ វាមិនត្រឹមតែទាញទឹកភ្នែកយើងអោយស្រក់ចុះមិនបាននោះទេ វាថែមទាំងបានជាកំលាំងចិត្តយ៉ាងណែន ស្វិតស្វាញ រកវិធីតបតប្រឆាំងត្រលប់ទៅវិញយ៉ាងស្វាហាប់ទៅវិញទេ។ មនុស្សដែលមានមនោសញ្ចេតនាគ្នានឹងគ្នា ពេលការឈឺចាប់កើតមានឡើងចំពោះមនោសញ្ចេតនារបស់ពួកគេ កំលាំងតតាំងនឹងកើនឡើងខ្លាំងបន្ថែមមួយកំរិតទៀត។ ពួកគេចង់បង្ក្រាបយើងអោយលុតជង្គង់ចុះចាញ់ចំពោះភាពខ្លាំងនៃអំពើអាក្រក់របស់ពួកគេ ដោយចង្អុលបង្ហាញថា ឃើញទេ តែហ៊ានប្រឆាំងតតាំងនឹងពួកគេ លទ្ធផលគឺបែបហ្នឹង។ គួរអោយសង្វេកនឹងពួកគេណាស់ គេមិនស្គាល់សារជាតិឈាមអ្នកបដិវត្តន៍ទេ បើពួកយើងធ្វើចលនានេះដើម្បីខ្លួនពួកយើងផ្ទាល់ ម្លេះពួកយើងមិនខំដល់ម្លឹងទេ ម្លេះយើងនឹងបោះបង់សមរភូមិនេះចោលបាត់ទៅហើយ តែនេះជាការងារបំរើមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ពួកយើងចំពោះជនរួមឈាមដ៏កំសត់របស់ពួកយើង ទុក្ខលំបាកវេទនាតជំនាន់របស់ពួកគាត់ បានថ្ពក់យកចិត្តរបស់យើងទៅបាត់ហើយ ជីិវិតពួកយើងរក្សាទុកសំរាប់តែបំរើការងារមនោសញ្ចតនាមួយនេះតែប៉ុណ្ណោះ មិនបានធ្វើការងារបំរើមនោសញ្ចតនាមួយនេះទេ ជីវិតពួកយើងនៅរស់ គ្រាន់តែដើម្បីទទួលរងទណ្ឌកម្មផ្លូវចិត្តតែប៉ុណ្ណោះ។ ពួកគេមិនស្គាល់LDPទេ គេស្មានថាយើងនឹងរត់ចោលគ្នាដូចចិត្តអាត្មានិយមរបស់ពួកគេ គេមិនដឹងពីមនោសញ្ចេតនាបងប្អូនដែលពួកយើងមានចំពោះគ្នានឹងគ្នាក្នុងក្រុមគ្រួសារយើងទេ គេស្មានតែចិត្តយើងយករួចតែខ្លួនដូចចិត្តរបស់ពួកគេ ការពិតមនោសញ្ចេតនាបងប្អូនរបស់ពួកយើង ជ្រាលជ្រៅរហូតដល់មនុស្សអាត្មានិយមដូចពួកគេនោះ ទោះប្រឹងស្ទង់យ៉ាងណាក៏មិនអាចពាល់ត្រូវបានដែរ។ នេះហើយសារជាតិLDP។ នេះហើយសារជាតិពូជខ្មែរអ្នកជា ជាពូជអ្នកសាងអង្គរនោះ។

ព្រោះតែដូនតារបស់ពួកយើងមិនបានបង្ក្រាបអំពើអាក្រក់ក្នុងជំនាន់ពួកគាត់ទើប រឿងអយុត្តិធម៌ រឿងដ៏ឈឺចាប់ធ្លាក់មកលើពួកយើងក្នុងជំនាន់នេះ បើពួកយើងមិនបានបោសសំអាតអំពើអាក្រក់ក្នងជំនាន់ពួកយើងទេ នោះរឿងអយុត្តិធម៌ រឿងដ៏ឈឺផ្សានេះនឹងបន្តទៅជំនាន់កូនចៅយើងទៀត ដោយចៀសមិនរួចឡើយ។ ក្នុងជំនាន់យើងនេះ វាគ្មានរឿងអ្វីសំខាន់ថ្លៃថ្លានិងបន្ទាន់ជាងរឿងកសាងសង្គមថ្លៃថ្នូរទុកអោយកូនចៅជំនាន់ក្រោយរបស់ពួកយើងទេ។ ដូនតារបស់ពួកយើង បានចាញ់ក្នុងដៃសភាវ:អាក្រក់ តើក្នុងជំនាន់ពួកយើងៗសុខចិត្តចុះចាញ់សភាវ:អាក្រក់បន្តទៅទៀតឬយ៉ាងណា? បើកូនចៅជំនាន់ក្រោយរបស់ពួកយើងសួរយើងថា "តើក្នុងជំនាន់ដូនតា ដូនតារវល់នឹងការងារអ្វីដែលសំខាន់ជាងការបោសសំអាតសង្គមនេះទុកអោយពួកខ្ញុំទៅទៀតឬ បានជាដូនតាមិនបានបោសសំអាតសង្គមនេះអោយស្អាតស្អំថ្លៃថ្នូរទុកអោយពួកខ្ញុំ?" តើពួកយើងនឹងឆ្លើយតបថាម៉េចទៅចំពោះសំនួរបែបនេះរបស់កូនចៅរបស់ពួកយើង?




No comments:

Post a Comment