http://1ldp.blogspot.com/search/label/Khem%20Veasna%20Quotes

SEARCH RESULTS FOR: KHEM VEASNA

https://www.cambodiadaily.com/?s=Khem+Veasna

Search This Blog

Tuesday, September 29, 2015

~*ខឹម វាសនា


  .....គ្មានអ្នកណាល្អនឹងយើង ជាងឳពុកម្តាយ បងប្អូនក្រុមគ្រួសារយើងទេ?  មនុស្សច្រើនណាស់ដែលនិយាយថា គ្មានអ្នកណាល្អនឹងយើង ជាងឳពុកម្តាយ បងប្អូនក្រុមគ្រួសារយើងទេ។ ខ្ញុំចេះតែសួរខ្លួនឯងថា គេមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារ តើព្រោះតែគេជាមនុស្សមិនល្អឬ? ឬព្រោះតែពុំមានហេតុផលសមរម្យដើម្បីអោយគេល្អជាមួយនឹងយើងដូចឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើង? តើយើងបានធ្វើអ្វីល្អចំពោះអ្នកដទៃណាមួយនោះ ស្មើឬលើសពីយើងធ្វើល្អចំពោះម៉ែឳបងប្អូនក្រុមគ្រួសារយើងហើយឬនៅ?  បើយើងបានធ្វើដូច្នេះរួចហើយ ទើបយើងគួររំពឹងថា អាចនឹងអ្នកនោះល្អជាមួយនឹងយើង ជាងឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងបាន។ តែបើខ្លួនយើងមិនបានធ្វើល្អនឹងអ្នកដទៃណានោះ លើសពីភាពល្អដែលយើងមានចំពោះក្រុមគ្រួសារយើងផង តើមានហេតុផលសមរម្យណាដែលយើងគួររំពឹងថាអ្នកដទៃ អាចនឹងល្អជាមួយយើងលើសឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងទៅ?  ការស្រឡាញ់រាប់អានដូចឳពុកម្តាយក្រុមគ្រួសារ វាអាចកើតមានឡើងដោយអានុស្សាវរីយ៍ វាមិនមែនឃើញភ្លាមស្រឡាញ់ភ្លែតដូចស្នហាផ្លូវភេទទេ ដូច្នេះអ្នកត្រូវគិតថា តើអ្នកមានបានចំណាយពេលគ្រប់គ្រាន់ដើម្បី បង្កើតអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅជាមួយអ្នកណាម្នាក់លើសពីឳពុកម្តាយក្រុមគ្រួសារខ្លួនហើយឬនៅ? បើអ្នកបានធ្វើរួចហើយ ប្រាកដណាស់អ្នកអាចនឹងរកបាន មនុស្សដែលស្រឡាញ់អ្នកដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារអ្នក។ ត្រូវចាំថាអ្នកគ្រាន់តែអាច មិនមែនត្រូវតែបានទេ។ ប៉ុន្តែបើអ្នកមិនដែលបានធ្វើល្អ និងចំណាយពេលវេលា ដើម្បីបង្កើតអានុស្សាវរីយ៍នឹងគ្នាដូចបងប្អូនក្រុមគ្រួសារនឹងអ្នកណាផង មិនគួរអីអ្នកមកនិយាយថា គ្មានអ្នកណាល្អនឹងយើងជាងឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងទេ។ អ្នកអាចសង្កេតមើល តើមនុស្សមានមនោសញ្ចេតនាស្រឡាញ់គ្នាព្រោះតែជាឳពុកម្តាយបងប្អូនក្រុមគ្រួសារនឹងគ្នាឬ? មិនមែនទេ។  មានមនុស្សមិនតិចទេ ដែលបានរស់នៅបែកឳពុកម្តាយ បងប្អូន ក្រុមគ្រួសារ តាំងពីខ្លួននៅតូច ហើយទៅរស់នៅជាមួយអ្នកដទៃ ឬសាច់ញាតិ ឆ្ងាយ ដែលមិនមែនឱពុកម្តាយឬបងប្អូនបង្កើតខ្លួនទេ ដល់តែធំឡើង គេមានមនោសញ្ចេតនានឹងអ្នកដែលគេរួមសុខរួមទុក្ខយ៉ាងយូរនោះ ជាងឳពុកម្តាយបងប្អូនបង្កើតរបស់ខ្លួនទៅទៀត។ នេះសបញ្ជាក់យ៉ាងច្បាស់ណាស់ថា មិនមែនព្រោះតែ ចំណងកំណើតជាឳពុកម្តាយបងប្អូនក្រុមគ្រួសារទេដែលធ្វើអោយមនុស្សស្រឡាញ់គ្នាខ្លាំងនោះ ប៉ុន្តែដោយសារអនុស្សាវរីយ៍ដែលពួកគេ បានសាងរួមគ្នាទេដែលធ្វើអោយមនុស្សស្រឡាញ់រាប់អានគ្នាខ្លាំងនោះ។ អញ្ចឹងបើអ្នកមិនបានបង្កើតអានុស្សាវរីយ៍គ្រប់គ្រាន់ចំពោះអ្នកណាមួយទេ នោះអ្នកក៏មិនសមនឹងទទួលបានការស្រឡាញ់ពីអ្នកណានោះ ដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារអ្នកដែរ។  បញ្ហាក្នុងរឿងរកមិនបានអ្នកដទៃដែលស្រឡាញ់ខ្លួនលើសពីឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះគឺមកពីយើងក៏មិនបានតាំងចិត្តយកអ្នកណាមួយជាឳពុកម្តាយបងប្អូនក្រុមគ្រួសារ ហើយផ្តើមបង្កើតអានុស្សាវរីយ៍ក្នុងទំនាក់ទំនងដូចជាឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើងដែរនោះទេ គឺមិនមែនដោយសារអ្នកដទៃគេជាមនុស្សដែលមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារនោះទេ។ ក្នុងរឿងនេះ ម្តេចអ្នកមិនសួរខ្លួនឯងថា តើមានមូលហេតុអ្វីដែលអ្នកដទៃត្រូវមកល្អនឹងយើង ដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង? តើយើងបានលះបង់បង្កើតអានុស្សាវរីយ៍រួមគ្នាជាមួយនឹងគេនោះហើយឬនៅ? ខ្ញុំសរសេរអត្ថបទនេះឡើង ព្រោះខ្ញុំចេះតែទើសនឹងពាក្យក្រើនរំលឹករបស់មនុស្សខ្លះចំពោះអ្នកណាមួយថា គ្មានអ្នកណាល្អនឹងយើងដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារយើងទេ អ្នកនិយាយនេះចង់មានន័យថាកុំទុកចិត្តឬស្រឡាញ់អ្នកដទៃជាងឳពុកម្តាយបងប្អូនក្រុមគ្រួសារខ្លួនឯងអី។  គំនិតនេះបិទផ្លូវមិនអោយយើងអាចរកបានឳពុកម្តាយបងប្អូនក្រៅរង្វង់ចំណងកំណើតរបស់ខ្លួនឡើយ។ មនុស្សល្អជាងឳពុកម្តាយយើង បងប្អូនក្រុមគ្រួសារយើងមានច្រើនគគោគ ក្នុងលោកនេះ ត្រូវតែបើកចិត្តដើម្បីរកមនុស្សល្អមកធ្វើជាឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង បើយើងចង់។ រឿងនេះជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ៕  

} មិនរវល់នឹងរឿងជាតិ ផ្តល់ផលអាក្រក់ដល់ជាតិតិចជាងជួយជាតិទាំងងងិតងងល់ទេ តែការជួយជាតិទាំងងិតងងល់ផ្តល់ផលអាក្រក់ដល់ជាតិតិចជាង ធ្វើជាជួយជាតិទេ  ~ *ខឹម វាសនា
} មកដល់ពេលនេះ ចំនួនប្រជាពលរដ្ឋយួននៅលើមាតុភូមិយើង មិនទាន់ដល់ដំណាក់កាលហួសពេលសំរាប់យើងក្នុងការជួយជាតិយើងបាន នោះទេ ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់ដែលពិបាកក្នុងការទប់ទល់បំផុតនឹងពួកនោះក្នុងពេលបច្ចុប្បន្ននេះ គឺការមិនអាចកំណត់អត្តសញ្ញាណពិត ប្រាកដរបស់ពួកគេនោះទៅវិញទេ។ ពួកនេះរស់នៅក្នុងរូបភាពជាជនជាតិខ្មែរ ចេះនិយាយភាសារខ្មែរយ៉ាងច្បាស់រកសំគាល់ថាជាជនជាតិយួនមិនបានទេ ពួកគេអាចរស់ក្នុងរូបភាពជាអ្នកស្នេហាជាតិខ្មែរ រស់ក្នុងរូបភាពជាអ្នកប្រឆាំងនឹងយួន រស់ក្នុងរូបភាពជាអ្នកប្រជាធិបតេយ្យខ្មែរ ចេះនាំខ្មែរអោយជេរខ្មែរអ្នកស្មោះនឹងខ្មែរថា ជាជនក្បត់ខ្មែរ ជាអាយ៉ងយួន ដើម្បីផ្តាច់ពូជអ្នកដែលអាចជួយខ្មែរពិតប្រាកដបាន យ៉ាងសកម្មបំផុត។ ការបាត់ឬ មិនអាចកំនត់អត្តសញ្ញណមនុស្សក្នុងសង្គមខ្មែរ ថាអ្នកណាជាអ្នកណាអោយពិតប្រាកដនេះហើយដែលជារឿងគ្រោះថ្នាក់បំផុតសំរាប់ខ្មែរ ដូចយើងចូលទៅប្រយុទ្ធនឹងសត្រូវដែលកំពុងលាក់ខ្លួនក្នុងទីងងឹត     អញ្ចឹង ~  *ខឹម វាសនា
} ប្រទេសជាតិរបស់អ្នកអាចនឹងរីកចំរើនទៅបាន ដរាបណាអ្នកបានមើលឃើញយ៉ាងជាក់ច្បាស់ថា ប្រទេសរបស់អ្នកមិនរីកចំរើនគឺដោយសាររូបអ្នក  ~ *ខឹម វាសនា
} កើតមកជាមនុស្ស ត្រូវតែប្រើអោយអស់សក្តានុពលភាពជាមនុស្ស។ ប៉ុន្តែគ្រាន់តែប្រើអស់សក្តានុពលភាពជាមនុស្ស ក៏មិនទាន់មានន័យថាអ្នកបានប្រើជីវិតត្រឹមត្រូវហើយដែរ។ សំនួរបន្ទាប់គឺថា តើអ្នកប្រើអស់សក្តានុពលភាពជាមនុស្ស ក្នុងគោលបំណងអ្វី? មនុស្សច្រើនគគោកលើលោកនេះ ដែលប្រើអស់សក្តានុពលភាពរបស់ខ្លួន ក្នុងន័យអាត្មានិយម។ អ្នកយកមនសិកាជាមនុស្សមកពិចារណាចុះ បើគ្រាន់តែដើម្បីខ្លួនឯង អ្នកឆ្កួតឬអ្វីដែលខំដើម្បីបាន អោយលើសសេចក្តីត្រូវការដើម្បីរស់នៅសមរម្យនោះ? អ្នកគ្រាន់តែពិចារណាអំពីជីវិត អំពីសេចក្តីត្រូវការចំបាច់របស់ជីវិត នោះ ក្តីត្រូវការដើម្បីរស់របស់អ្នក នឹងត្រូវថយចុះ ពេលនោះអ្នកក៏មិនចាំបាច់ត្រូវហត់នឿយខ្លាំងហួសដើម្បីរស់ដែរ ហើយបើទោះបីជាអ្នកបានដោយមិនបាច់ខំ ក៏មិនដឹងជាយកទ្រព្យនោះទៅធ្វើអ្វីដែរ។
   ប៉ុន្តែបើអ្នកពិចារណាដោយមនសិកា អ្នកនឹងរកឃើញផ្លូវជីវិតនៃការចែករំលែកមួយ ដែលការលះបង់របស់អ្នកដើម្បីសំរេចបំណងនៃការចែករលែកនោះ វាមានតំលៃជាគុណធម៌ខ្ពង់ខ្ពស់ណាស់ គួរអោយគោរពណាស់ មនោសញ្ចេតនា មានភាពស្រទន់ កក់ក្តៅ ហើយទីបំផុតពិភពលោកនេះនឹងបានស្រស់បំព្រង ដោយការលះបង់ប្រកបដោយមនោសញ្ចេនាដ៏ជ្រាលជ្រៅរបស់អ្នក។  បើអ្នកបន្ថែមការពិចារណាលើការលះបង់របស់អ្នកៗ នឹងរកឃើញលក្ខខណ្ឌមួយដែលចិត្តជាលះបង់ដូចអ្នកត្រូវការពីមនុស្សក្នុងលោកនេះមកវិញ សូមធ្វើខ្លួនអោយមានតំលៃសមជាមនុស្សដែលគួរទទួលបានការលះបង់របស់ខ្ញុំផង    ខ្ញុំពិតជាគ្មានកំលាំងជួយចំពោះមនុស្សដែលគ្មានតំលៃទេ។ នេះហើយជាតំលៃនៃជីវិតរបស់មនុស្សគ្រប់រូប ~ *ខឹម វាសនា

} អាសូរចិត្តអ្នកយល់ណាស់ ព្រោះតែចង់អោយគេចាប់អារម្មណ៍ ចេះតែដេករកនឹករបៀបផ្សេងៗ។ អ្នកមិនយល់ឆ្ងល់គិតមិនចេញហេតុអ្វីពួកនេះប្រឹងម្លេះ ប្រហែលបក្សហ្នុងអោយលុយហើយមើលទៅ។ នៅជិតគ្នា ជាតិសាសន៍តែមួយ និយាយភាសាដូចគ្នា តែនិយាយស្តាប់គ្នាមិនបាន។ នេះហើយជាការងារដែលទ័ពជួង ត្រូវតែធ្វើជូនជាតិ និងកូនចៅរបស់ពួកយើង ~ *ខឹម វាសនា
} វាពិតជាស្មុគ្រស្មាញ វាពិតជាលំបាក វាពិតជាគ្រោះថ្នាក់ ប្រាកដមែនហើយ ដែលយើងតស៊ូគាស់រំលើងរចនាសម្ព័ន្ធនៃអំណាចប្រមូលផ្តុំ ប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើដោយខានមិនបាន បើទោះជាត្រូវចំណាយជីវិតក៏ដោយ ព្រោះក្នុងភាពជាជនថ្លៃថ្នូរ ពួកយើងមិនអាចស៊ូទ្រាំ ជាមួយនឹងភាពគឃ្លើន ភាពកោងកាច ភាពអំនួត ភាពព្រហើន ច្រឡោងខាម ដែលជាលក្ខណ:ចោរព្រៃ នៃបុគ្គលរស់នៅលើសំណាញ់ច្បាប់ ដែលពួកទាំងនោះកំពុងសំដែងសារជាតិពាលរបស់ខ្លួនយ៉ាងអំនួត នៅក្នុងផ្ទះសំបែងរបស់យើងទេ ~ *ខឹម វាសនា


} បើខ្ញុំជាកូនចៅជំនាន់ក្រោយរបស់អ្នក សំណួរទីមួយដែលខ្ញុំចង់សួរទៅកាន់អ្នក នោះគឺ អ្វីជាការងារដែលនាំអោយអ្នករវល់ជាងគេក្នុងជីវិតរបស់អ្នក? បើអ្នកមិនចូលរួមបោសសំអាតសង្គមរបស់អ្នកក្នុងពេលឥលូវនេះទេ នោះមរតកដែលអ្នកបានបន្សល់ទុកសម្រាប់កូនចៅរបស់អ្នក គ្មានអ្វីក្រៅពីសង្គមដ៍អយុត្តិធម៌មួយនោះទេ។
} ពូដេកមិនលក់ ហូបមិនចូលមាត់ គិតនោះគិត គិតដល់ចាស់មុនអាយុ ព្រោះពូចេះតែមានអារម្មណ៍ថា ពូនៅសល់ពេលតិចណាស់ បើអត់ពីពូទៅ តើពួកក្មួយៗ អាចមានសមត្ថភាពទប់ទាល់នឹងឧបសគ្គ បំបែកឧបសគ្គទាំងនេះបានទេ។ នឹកដល់រឿងនេះ ពូឈឺចុកចាប់ពីក្បាល ដល់ចុងជើង។ ពូ ស្រណោះអ្នកស្នេហាជាតិពិតប្រាកដរបស់ខ្មែរ ដែលក្នុងអតីតកាលត្រូវបានពួកមនុស្សថោកទាប វាលាបពណ៌ ចោទថាក្បត់ជាតិយកទៅសម្លាប់ចោល តើលោកឈឺចាប់ប៉ុណ្ណាដែលរងអំពើអយុត្តិធម៌បែបនេះ។ ពូស្រណោះជនទន់ខ្សោយ ថាតើអាចនឹងគេចរួចពីការបោកប្រាស់ របស់មនុស្សថោកទាបតាមរបៀបណា បើល្ងង់យ៉ាងនេះ។ ពូពិតជាមិនអាចស៊ូទ្រាំ នៅស្ងៀមនឹងរឿងទាំងអស់នេះទេ ពូត្រូវតែធ្វើវារហូតដល់ដង្ហើមចុងក្រោយ ~ *ខឹម វាសនា
} មនុស្សស្មោះត្រង់ មិនមែនមិនចេះកុហក់នោះទេ។ គេកុហក់ព្រោះមានហេតុផល ៤យ៉ាង។ ទីមួយកុហក់មិនប៉ះពាល់ពាល់ប្រយោជន៍អ្នកដទៃ ទីពីរ កុហក់ដើម្បីប្រយោជន៍អ្នកដទៃ ទីបី​ កុហក់មិនមែនដើម្បីការពារកំហុសខ្លួន និងទីបួន កុហក់ដើម្បីបំផ្លាញពួកមនុស្សខូច។~ *ខឹម វាសនា
} ពេលអ្នកធ្វើការងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកៗត្រូវតែនឹកគិតដល់រឿងសីលធម៍ តែបើអ្នកធ្វើការងាបំរើរឧត្តមគតិ អ្នកត្រូវនឹកគិតដល់តំលៃនៃការងាររបស់អ្នក។ ឧទាហរណ៍ : ក្នុងការរកស៊ីចិញ្ចឹមជីវិតជាដើម នេះគឺជាការងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ក្នងរឿងប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ យើងត្រូវតែមានសីលធម៍ មិនត្រូវគិតធ្វើយ៉ាងណាដើម្បីអោយបានតែប្រយោជន៍ផ្ទាល់ខ្លួនអ្នកតែម្ខាងនោះទេ ត្រូវគិតដល់ប្រយោជន៍ដៃគូររកស៊ីុឬអតិថិជនរបស់ខ្លួន គេក៏បាន យើងក៏បាន ថ្លឹងថ្លែងចិត្តគេចិត្តយើង នេះគឺរឿងសីលធម៍។ តែបើការងារឧត្តមគតិ ដូចជាធ្វើការងារដើម្បីជួយអ្នកដទៃក្នុងរឿងអ្វីមួយ ត្រូវគិតពីតំលៃនៃការងាររបស់អ្នក តើមនុស្សហ្នឹង មានតំលៃសមនឹងទទួបានការជួយពីយើងដែរឬទេ? តើការលះបង់របស់យើង បានចំគោលដៅដែលអ្នកចង់ឬអត់ជាដើម។នេះជាការគិតពីតំលៃនៃការងារឧត្តមគតិរបស់យើង។ បើអ្នកមិនគិតពីតំលៃនៃការលះបង់របស់អ្នកទេ នោះវាគ្រាន់តែជាអំពើមួយដែលបង្ហាញពីភាពឆោតល្ងង់របស់អ្នកតែប៉ុណ្ណោះ។ ~*ខឹម វាសនា

} សភាពលក្ខណ:នៃអ្វីមួយដែលយើងអាចចាត់ទុកថាត្រង់បាន គឺមិនមែនត្រង់បានដោយសារការគាបឬដោយសាការក្រៀកតាមរបៀបណាមួយដើម្បីអោយទទួលបានភាពត្រង់នោះឡើយ។ របស់នោះ វាត្រង់តាមធម្មជាតិរបស់វា ដោយមិនចាំបាច់មានអ្វីមកធ្វើសម្ពាធលើវាដើម្បីទទួលបាននូវភាពត្រង់ទេ។ ការប្រាប់អោយមនុស្សត្រូវតែត្រង់នឹងយើង ដោយបង្ហាញអ្នកនោះថា បើអ្នកត្រង់នឹងខ្ញុំ អ្នកនឹងបានប្រយោជន៍ណាមួយពីខ្ញុំនោះ ករណីនេះអ្នកអាចនឹងទទួលបាននូវភាពត្រង់មួយ ដែលប្រយោជន៍អ្នកបានសន្យាផ្តល់អោយគេដើម្បីអោយគេត្រង់នឹងអ្នកនោះ ជាឃ្នាបដើម្បីគាបយកអោយបានភាពត្រង់នៃបុគ្គលដែលមិនមានសារជាតិត្រង់ពីធម្មជាតិក៏ពិតមែន តែមនសិការបស់មនុស្សប្រាប់ថា ភាពត្រង់ដែលបានមកពីឃ្នាបពុំមានតំលៃគុណធម៌គួរអោយគោរពឡើយ ហើយភាពត្រង់បែបនេះវាមិនមែនជារបស់អស្ចារ្យអ្វីទេ អ្នកដែលទទួលបានភាពត្រង់បែបនេះកុំយល់ច្រឡំថាខ្លួនជាមនុស្សអស្ចារ្យ ព្រោះខ្លួនបានទទួលនូវកាដូដ៏អស្ចារ្យនោះអោយសោះ វាជារបស់ក្លែងក្លាយទេ គេមិនត្រង់ព្រោះគេស្រឡាញ់គោរពអ្នកទេ តែគេត្រង់ព្រោះតែខ្លួនគេត្រូវការប្រយោជន៍ពីអ្នកទេ មិនមែនកាដូទេ គេមិនបានអោយរបស់អ្វីដល់អ្នកទេ សូមកុំយល់ច្រឡំថាខ្លួនបានទទួលរបស់មានតំលៃពីអ្នកណាមួយអោយសោះ គ្មានទេបើអ្នកភាន់ត្រង់ចំណុចនេះ អ្នកដទៃមើលទៅអ្នក គេនឹងមានភាពសង្វេកចំពោះអ្នកណាស់ ហើយភាពត្រង់បែបនេះក៏មិនស្ថិតស្ថេរជាអមត:ដែរ គឹវានឹងក្លាយទៅជាវៀចវេរវិញដដែលនៅពេលដែលអស់ឃ្នាប ឬនៅពេលដែលអ្នកផ្សេងណាម្នាក់អោយប្រយោជន៍ដល់បុគ្គលនោះ ធំជាងប្រយោជន៍ដែលបុក្គលនោះបានទទួលពីអ្នក។ រឿងនេះដូចគ្នានឹងអ្នកប្រើសម្ពាធជាអំណាចណាមួយដើម្បីទទួលនានភាពត្រង់នោះ។ គេអាចនឹងត្រង់ព្រោះអំណាចយើងជាឃ្នាប ត្រង់បែបនេះក៏មិនមាមតំលៃគុណធម៌គួរអោយគោរពដែរ ហើយពេលកំលាំងអំណាច ដែលគាបនោះចុះខ្សោយ បុគ្គលនោះ នឹងវៀចតាមធម្មជាតិដើមរបស់គេវិញដដែល។ ត្រង់ដែលជាសារជាតិល្អពីកំនើតរបស់មនុស្ស គឺត្រង់ដោយមិនបាច់ប្រើឃ្នាបណាមួយឡើយ។ ត្រង់បែបនេះវាមានតំលៃខ្លាំងណាស់ពីព្រោះវាជាសេចក្តីស្មោះសដែលវាជាតំលៃរបស់អ្នកស្មោះនោះផ្ទាល់តែម្តង។ សេចក្តីស្មោះត្រង់ដោយគ្មានចាំបាច់ឃ្នាប វាគឺជាកាដូដ៏ថ្លៃថ្លាបំផុត ដែលអ្នកក៏គួរតែជាមនុស្សដែលមានតំលៃដែរ ទើបសក្តិសមនឹងទទួលបាននូវកាដូដ៏មានតំលៃបែបនេះពីអ្នកណាម្នាក់ ~ *ខឹម វាសនា
} គ្មានការងារឧត្តមគតិធ្វើពួកយើងរស់មិនកើតទេ។ អ្នកមិនយល់ពី LDP មិនអាចយល់ពីអារម្មណ៍មួយនេះបានទេ តែសមាជិកគ្រួសារLDP យើងយល់អារម្មណ៍នេះបានយ៉ាងងាយ។ យើងកើតក្នុងផ្ទៃមាតាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែដោយសណ្តានរបស់យើងដូចគ្នា យើងអាចក្លាយជាសាច់ញាតិបង្កើតក្រៅផ្ទៃមាតា។ តើនៅលើលោកនេះមានគ្រួសារណាដែលកក់ក្តៅជាងគ្រួសារយើង? តើមនុស្សអាត្មានិយមមួយណាអាចយល់ពីអារម្មណ៍បែបនេះបានទៅ? ដំណើរជីវិតនៃទ័ពស្រួច LDP គឺពួកគេមានអារម្មណ៍ថា ស្លាប់ដោយមោទនភាព។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងលោកនេះយល់ពីអារម្មណ៍បែបហ្នឹងទៅ? គ្រួសារLDPជាគ្រួសារគំរូរបស់មនុស្សជាតិទាំងឡាយនៅលើលោកយើងនេះ ~ *ខឹម វាសនា 
} ជីវិតវិលវល់ៗរកទីពឹងគ្មាន នៅទីណាក៏ស្លាប់ នៅទីណាក៏មិនអស្ចារ្យ ព្រះពុទ្ធពិតជាពាល់ធម៌នេះត្រូវ ទើបព្រះអង្គសំដែងថា ជីវិតជាទុក្ខ។ មនុស្សយ៉ាងច្រើនអនេក ជាប់ជំពាក់នឹងលោកធម៌ វិលទៅវិលមករកទីបំផុតគ្មាន អ្វ៏ដែលពួកគេសប្បាយគឺគ្រាន់តែជារបៀបបំភាន់ការពិតដែលជីវិតពិតមានតែប៉ុណ្ណោះ។ ពួកគេរស់ដោយបដិសេធភាពពិតរបស់ជីវិត តែការពិតអំពីជីវិតនៅតែជាការពិតដដែល គ្មានប្រែប្រួលឡើយ។ ធុញណាស់ នឿយណាស់ ទុក្ខណាស់ សោកសង្រេងណាស់ ជាការពិតរបស់ជីវិត ដែលមនុស្សច្រើនណាស់ មិនព្រមទទួលស្គាល់វាថាជាការពិតរបស់ជីវិត។ ពួកគេយកការដេញប្រជែងនឹងលោកធម៌ ជាល្បែងបន្លប់សភាពទុក្ខពិតនៃជីវិត។ មិនចាំបាច់អ្វីត្រូវតែហ៊ឺហា ត្រូវទំនើប ត្រូវតែខ្ពង់ខ្ពស់ ត្រូវតែឧត្តុងឧត្តម ត្រូវតែឡូយ តែការមានបច្ច័យបួនសមរម្យល្មមអាចរស់បានគឺជាចំនុចដែលមនសិការមនុស្សប្រាប់ថា គឺជាការកំនត់យកជាភាពចាំបាច់ឬសេចក្តីត្រូវការ ( need) ពិតប្រាកដរបស់ជីវិត មិនមែនជាតំរូវការដែលគ្មានព្រំដែនកំនត់ (want) ដែលមនសិកាមនុស្សចាត់ទុកថាជាតណ្ហានោះឡើយ។ តែមនុស្សសព្វថ្ងៃខំប្រឹងគឺគ្រាន់តែបំប៉នតណ្ហា ដែលជាធម៌មួយមិនអាចបំពេញឬបង្គ្រប់បានជាដាច់ខាតនោះ តែប៉ុណ្ណោះ។ ព្រោះតែដើម្បីបំពេញតណ្ហាដែលជាធម៌មិនអាចបំពេញបាននោះ ពួកអ្នកខ្លាំងអំណាច ខ្លាំងលុយ ខ្លាំងភាពឆ្លាត ប្រើភាពខ្លាំងរបស់គេ ធ្វើបាបជនទន់ខ្សោយ នាំការឈឺចាប់ដល់សង្គមមនុស្ស សត្វ យ៉ាងសាហាវព្រៃផ្សៃគ្មានដែនកំនត់។ ព្រោះតែដើម្បីបំពេញតណ្ហាដែលជាធម៌មិនអាចបំពេញបាននេះ មនុស្សខ្លះក្លាយទៅជាមនុស្សថោកទាប អោនក្បាលបំរើអំពើអាក្រក់ លើកតំកើងអំពើអាក្រក់ សហការនឹងសភាវ:អាក្រក់ បន្ថែមការឈឺចាប់ដល់ជនទន់ខ្សោយមួយកំរិតទៀត។ ព្រោះតែដើម្បីបំពេញតណ្ហាខ្លួនដែលជាធម៌មិនអាចបំពេញបាននេះ មនុស្សខ្លះបានប្រើបញ្ញាខ្លួន បោកប្រាស់ជនទន់ខ្សោយ ដូចជាទេសនាធម៌ដែលខ្លួនចេះចាំ ក្រោមរូបភាពសប្បុរស បន្លប់ជនខ្សោយបញ្ញា បន្ថែមការឈឺចាប់ដល់មនុស្សល្ងង់ៗបន្ថែមទៀត។ អ្នកខ្លះជាអ្នកនយោបាយក៏ប្រឹងរៀនធម៌ដែរ តែនៅតែក្នុងបំណងប្រើការចេះចាំនោះ ដើម្បីបំពេញតណ្ហារបស់ខ្លួនដែលជាធម៌មិនអាចបំពេញបានតែដដែលហ្នឹង។
នេះហើយគឺសង្គមមនុស្សពិតប្រាកដនាពេលបច្ចុប្បន្ន។ នេះជាពិភពលោកដ៏ងងឹតរបស់មនុស្សដេកដែលកំពុងយល់ថាជាសង្គមដ៏ភ្លឺចែងចាំងរបស់ខ្លួននោះ។ មានពេលខ្លះចេះតែសួរខ្លួនឯងថា ហេតុអ្វើខួរក្បាលនេះចេះតែនាំគិតនូវរឿងដែលមនុស្សច្រើនបំផុតក្នុងលោកគេមិននឹកនាដល់បែបនេះហ្ន? ម្តេចក៏ខ្សែជីវិតដែលការពិតបានរស់លាយឡំលើផ្លូវជាមួយអ្នកដទៃដែរ ស្រាប់តែទៅជាមានឱកាសបែកចេញពីផ្លូវដែលមិនគួរនឹងបែកចេញបានពីគេអញ្ចឹងទៅវិញហ្ន? ~ *ខឹម វាសនា 
} កូនសម្លាញ់!...បើកូនពិតជាចង់អោយឪរស់មែន ចូរកូនបន្តការងាររបស់ឪ អោយបានដល់គោលដៅរបស់ពួកយើង ព្រោះការងារពេញមួយជីវិតដែលឪបានធ្វើនោះហើយ គឺជាឪ។ បើកូនមិនបន្តការងារនេះតទៅទៀតទេមានន័យថា កូនសម្លាប់ឪហើយ។ រូបកាយឪ អាចនឹងស្លាប់ចំពោះភ្នែកអ្នកដទៃ តែចំពោះកូន គឺឪកំពុងរស់នៅក្នុងចិត្ត បេះដូងរបស់កូនជានិច្ច! ណា៎​កូនសម្លាញ់ឪ ~*ខឹម វាសនា 
} ក្នុងជីវិតរបស់ពូ ការលំបាកប៉ុណ្ណាក៏ដោយ ក៏មិនដែលអាចរុញទឹកភ្នែកពូទំលាក់ចុះបានដែរ តែមនោសញ្ចេតនាជាញឹកញាប់អង្រួនបេះដូងពូ ញាប់ញ័រ  ទោះទប់យ៉ាងណាក៏ទប់ទឹកភ្នែកមិនជាប់ដែរ សម្រាប់ជីវិតពូ  តាមអាយុពូៗអាចនឹងរស់បានប្រហែល២០ឆ្នាំទៀត តែពូអាចនឹងមានគ្រោះថា្នក់ ដោយប្រការណាមួយមុននេះ គឺនៅពេលណាក៏អាចកើតមានឡើងបាន។       ពូដឹងខ្លួនថាពូ មានសត្រូវច្រើនណាស់។ បើពេលនោះមកដល់ សូមតែពួកក្មួយៗបន្តការងារយើងទៅមុខទៀត ពូស្ងប់ចិត្ត ស្លាប់ទៅបិទភ្នែកជិតហើយ។ ជាជនបដិវត្តន៍ ត្រូវប្រឈមឧបសគ្គច្រើន     ណាស់។     ក្នុងដំណើផ្លាស់ប្តូរ វាមានឧបសគ្គច្រើនរាប់មិនអស់ទៅហើយ តែក្នុងសមរភូមិដែលអំណាចប្រមូលផ្តុំ   វាបន្ថែមអោយយើងនូវជីវិតមួយដែលមិនទៀតទាត់ថែមទៀត។ ច្បាប់ជួយការពារភាពត្រឹមត្រូវរបស់យើងមិនបានទេ។ គេអាចនឹងរកលេសកំចាត់យើងបានគ្រប់ពេល។ ប៉ុន្តែបើមានពេលនោះមែន ហើយគេសួរពូ ថាបើពេលវេលាអាចត្រលប់ថយក្រោយបាន តើពូនឹងគិតដើរផ្លូវផ្សេងដែរឬទេ? ពូនឹងឆ្លើយថា ពូគ្មានវិប្បដិសារី ស្តាយក្រោយនឹង   ទង្វើរបស់ខ្លួនឯងកន្លងមកទេ បើទុកជាមានឱកាសថយពេលវេលាមកក្រោយក៏ពូនៅតែសំរេចដើផ្លូវដដែលដែរ ព្រោះពូបានជ្រើសរើសផ្លូវនេះសម្រាប់ជា ល្បែងកំដរជីវិត បម្រើការងារឧត្តមគតិ។ ជីវិតដែលមិនបានធ្វើការងារបំរើមនសិការបស់ខ្លួនជាជីវិតដែលស្លាប់បាត់ទៅហើយ។ បើមានថ្ងៃនោះមែន ក្មួយកុំសោកស្តាយជួសពូអី ត្រូវប្រាប់គ្នីគ្នាថា គឺវាជាជំរើសរបស់ពូផ្ទាល់គ្មានហេតុផលឬអ្នកណាមកប្តូរទិសដៅរបស់ពូបានទេ។ បើគ្មានការងារមួយនេះធ្វើទេ ពូមិនដឹងរស់ដើម្បីអ្វីទេក្មួយ ព្រោះមនុស្សគ្មានតម្លៃទេ បើយើងមិនបានយកជីវិតមកប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដើម្បីធ្វើការងារដែលមានតម្លៃដល់មនុស្សជាតិ។ ពូ យកការងារបង្រ្កាបអំពើអាក្រក់ ថោកទាប តាមកម្ទេចសភាវៈអាក្រក់ពីសង្គមខ្មែរ នឹងពង្រីកអំពើអំពើល្អក្នុងសង្គមយើង ជាល្បែងលេងសើចប្រចាំជីវិតរបស់ពូ ទោះជាត្រូវប្រឈមគ្រោះថ្នាក់យ៉ាងណា ក៍ពូសប្បាយចិត្តលើដំណើរផ្លូវនេះដែរក្មួយ៕ ~ *ខឹម វាសនា 
} មនុស្សច្រើនណាស់ដែលនិយាយថា គ្មានអ្នកណាល្អនឹងយើង ជាងឳពុកម្តាយ បងប្អូនក្រុមគ្រួសារយើងទេ។ ខ្ញុំចេះតែសួរខ្លួនឯងថា គេមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារ តើព្រោះតែគេជាមនុស្សមិនល្អឬ? ឬព្រោះតែពុំមានហេតុផលសមរម្យដើម្បីអោយគេល្អជាមួយនឹងយើងដូចឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើង? តើយើងបានធ្វើអ្វីល្អចំពោះអ្នកដទៃណាមួយនោះ ស្មើឬលើសពីយើងធ្វើល្អចំពោះម៉ែឳបងប្អូនក្រុមគ្រួសារយើងហើយឬនៅ?       បើយើងបានធ្វើដូច្នេះរួចហើយ ទើបយើងគួររំពឹងថា អាចនឹងអ្នកនោះល្អជាមួយនឹងយើង ជាងឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងបាន។ តែបើខ្លួនយើងមិនបានធ្វើល្អនឹងអ្នកដទៃណានោះ លើសពីភាពល្អដែលយើងមានចំពោះក្រុមគ្រួសារយើងផង តើមានហេតុផលសមរម្យណាដែលយើងគួររំពឹងថាអ្នកដទៃ អាចនឹងល្អជាមួយយើងលើសឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងទៅ? ការស្រឡាញ់រាប់អានដូចឳពុកម្តាយក្រុមគ្រួសារ វាអាចកើតមានឡើងដោយអានុស្សាវរីយ៍ វាមិនមែនឃើញភ្លាមស្រឡាញ់ភ្លែតដូចស្នហាផ្លូវភេទទេ ដូច្នេះអ្នកត្រូវគិតថា តើអ្នកមានបានចំណាយពេលគ្រប់គ្រាន់ដើម្បី បង្កើតអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅជាមួយអ្នកណាម្នាក់លើសពីឳពុកម្តាយក្រុមគ្រួសារខ្លួនហើយឬនៅ? បើអ្នកបានធ្វើរួចហើយ ប្រាកដណាស់អ្នកអាចនឹងរកបាន មនុស្សដែលស្រឡាញ់អ្នកដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារអ្នក។ ត្រូវចាំថាអ្នកគ្រាន់តែអាច មិនមែនត្រូវតែបានទេ។ ប៉ុន្តែបើអ្នកមិនដែលបានធ្វើល្អ និងចំណាយពេលវេលា ដើម្បីបង្កើតអានុស្សាវរីយ៍នឹងគ្នាដូចបងប្អូនក្រុមគ្រួសារនឹងអ្នកណាផង មិនគួរអីអ្នកមកនិយាយថា គ្មានអ្នកណាល្អនឹងយើងជាងឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងទេ។ អ្នកអាចសង្កេតមើល តើមនុស្សមានមនោសញ្ចេតនាស្រឡាញ់គ្នាព្រោះតែជាឳពុកម្តាយបងប្អូនក្រុមគ្រួសារនឹងគ្នាឬ? មិនមែនទេ។ មានមនុស្សមិនតិចទេ ដែលបានរស់នៅបែកឳពុកម្តាយ បងប្អូន ក្រុមគ្រួសារ តាំងពីខ្លួននៅតូច ហើយទៅរស់នៅជាមួយអ្នកដទៃ ឬសាច់ញាតិ ឆ្ងាយ ដែលមិនមែនឱពុកម្តាយឬបងប្អូនបង្កើតខ្លួនទេ ដល់តែធំឡើង គេមានមនោសញ្ចេតនានឹងអ្នកដែលគេរួមសុខរួមទុក្ខយ៉ាងយូរនោះ ជាងឳពុកម្តាយបងប្អូនបង្កើតរបស់ខ្លួនទៅទៀត។ នេះសបញ្ជាក់យ៉ាងច្បាស់ណាស់ថា មិនមែនព្រោះតែ ចំណងកំណើតជាឳពុកម្តាយបងប្អូនក្រុមគ្រួសារទេដែលធ្វើអោយមនុស្សស្រឡាញ់គ្នាខ្លាំងនោះ ប៉ុន្តែដោយសារអនុស្សាវរីយ៍ដែលពួកគេ បានសាងរួមគ្នាទេដែលធ្វើអោយមនុស្សស្រឡាញ់រាប់អានគ្នាខ្លាំងនោះ។ អញ្ចឹងបើអ្នកមិនបានបង្កើតអានុស្សាវរីយ៍គ្រប់គ្រាន់ចំពោះអ្នកណាមួយទេ នោះអ្នកក៏មិនសមនឹងទទួលបានការស្រឡាញ់ពីអ្នកណានោះ ដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារអ្នកដែរ។ បញ្ហាក្នុងរឿងរកមិនបានអ្នកដទៃដែលស្រឡាញ់ខ្លួនលើសពី ឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះ គឺមកពីយើងក៏មិនបានតាំងចិត្តយកអ្នកណាមួយជាឳពុកម្តាយបងប្អូនក្រុមគ្រួសារ ហើយផ្តើមបង្កើតអានុស្សាវរីយ៍ក្នុងទំនាក់ទំនងដូចជាឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើងដែរនោះទេ គឺមិនមែនដោយសារអ្នកដទៃគេជាមនុស្សដែលមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារនោះទេ។ ក្នុងរឿងនេះ ម្តេចអ្នកមិនសួរខ្លួនឯងថា តើមានមូលហេតុអ្វីដែលអ្នកដទៃត្រូវមកល្អនឹងយើង ដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង? តើយើងបានលះបង់បង្កើតអានុស្សាវរីយ៍រួមគ្នាជាមួយនឹងគេនោះហើយឬនៅ? ខ្ញុំសរសេរអត្ថបទនេះឡើង ព្រោះខ្ញុំចេះតែទើសនឹងពាក្យក្រើនរំលឹករបស់មនុស្សខ្លះចំពោះអ្នកណាមួយថា គ្មានអ្នកណាល្អនឹងយើងដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារយើងទេ អ្នកនិយាយនេះចង់មានន័យថាកុំទុកចិត្តឬស្រឡាញ់អ្នកដទៃជាងឳពុកម្តាយបងប្អូនក្រុមគ្រួសារខ្លួនឯងអី។ គំនិតនេះបិទផ្លូវមិនអោយយើងអាចរកបានឳពុកម្តាយបងប្អូនក្រៅរង្វង់ចំណងកំណើតរបស់ខ្លួនឡើយ។ មនុស្សល្អជាងឳពុកម្តាយយើង បងប្អូនក្រុមគ្រួសារយើងមានច្រើនគគោគ ក្នុងលោកនេះ ត្រូវតែបើកចិត្តដើម្បីរកមនុស្សល្អមកធ្វើជាឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង បើយើងចង់។ រឿងនេះជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ៕

No comments:

Post a Comment